20 ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឧរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះដែលបញ្ជូនទ្រង់
21 កាលពេត្រុសបានឃើញគាត់ នោះក៏ទូលសួរដល់ទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ
22 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ
23 ដូច្នេះ ពាក្យនោះក៏ឮខ្ចរខ្ចាយទួទៅ ក្នុងពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ ប៉ុន្តែ ព្រះយេស៊ូវមិនបានមានព្រះបន្ទូលថា គាត់មិនស្លាប់នោះទេ គឺគ្រាន់តែថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នកវិញប៉ុណ្ណោះ។
24 គឺសិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថា សេចក្តីបន្ទាល់របស់គាត់ នោះពិតហើយ
25 មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថា បើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយ៍ទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង។ អាម៉ែន។:៚