21 ព្រះយេស៊ូវមានព្រះបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡិមទេ
22 អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្តីសង្គ្រោះកើតមកពីសាសន៍យូដា
23 តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់
24 ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ និងសេចក្តីពិតដែរ
25 ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស្ស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់
26 ព្រះយេស៊ូវមានព្រះបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។
27 ខណៈនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានព្រះបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែគ្មានអ្នកណាទូលសួរថា ទ្រង់សួររកអ្វី ឬថា ទ្រង់មានព្រះបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ