18 ដោយហេតុពាក្យនោះ បានជាពួកសាសន៍យូដា គេរកសំឡាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សំរាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះ ថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង។
19 ដូច្នេះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ
20 ពីព្រោះព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញ ឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ ទ្រង់នឹងបង្ហាញឲ្យឃើញការធំ លើសជាងការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអស្ចារ្យ
21 ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ
22 ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ
23 ដើម្បីឲ្យមនុស្សទាំងអស់បានគោរពប្រតិបត្តិដល់ព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិដល់ព្រះវរបិតាដែរ អ្នកណាដែលមិនគោរពប្រតិបត្តិដល់ព្រះរាជបុត្រា នោះក៏មិនគោរពប្រតិបត្តិដល់ព្រះវរបិតា ដែលចាត់ឲ្យទ្រង់មកដែរ។
24 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ