7 អ្នកជំងឺនោះទូលឆ្លើយថា លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ
8 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ
9 ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក
10 ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សំរាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ
11 គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ចូរយកគ្រែឯងដើរទៅ
12 នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ
13 តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ