យ៉ូហាន 6:27-33 KHOV

27 កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក‌រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ ដរាប​ដល់​ជីវិត​អស់​កល្ប‌ជានិច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរ‌បិតា​ដ៏​ជា​ព្រះ ទ្រង់​បាន​ដៅ​ចំណាំ​ទុក

28 ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា ដែល​នឹង​ធ្វើ​ការ​របស់​ព្រះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ

29 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឯ​ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក

30 នោះ​គេ​ទូល​សួរ​ទ្រង់​ថា បើ​ដូច្នេះ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​ណា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ដើម្បី​ឲ្យ​បាន​ជឿ​ដល់​លោក តើ​លោក​ធ្វើ​ការ​អ្វី​ខ្លះ

31 ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «លោក​បាន​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​គេ​បរិភោគ»

32 ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ងពី​ស្ថាន‌សួគ៌​នោះ មក​អ្នក​រាល់​គ្នា​ទេ តែ​ឯ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ នោះ​គឺ​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា​វិញ

33 ដ្បិត​នំបុ័ង​របស់​ព្រះ គឺ​ជា​ព្រះ‌អង្គ​ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មនុស្ស​លោក​បាន​ជីវិត​ផង