យ៉ូហាន 6:36-42 KHOV

36 ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​មិន​ជឿ​ទេ

37 អស់​អ្នក​ណា​ដែល​ព្រះ‌វរ‌បិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ ខ្ញុំ​ក៏​មិន​ដែល​ចោល​ទៅ​ក្រៅ​ឡើយ

38 ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថាន‌សួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក

39 ឯ​បំណង​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌វរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ

40 នេះ​ហើយ​ជា​បំណង​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌វរ‌បិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។

41 នោះ​ពួក​សាសន៍​យូដា គេ​ឌុក‌ដាន់​ទ្រង់ ពី​ព្រោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក

42 គេ​និយាយ​ថា អ្នក​នេះ តើ​មិន​មែន​ឈ្មោះ​យេស៊ូវ ជា​កូន​យ៉ូសែប ដែល​យើង​ស្គាល់​ឪពុក​ម្តាយ​គាត់​ទេ​ឬ​អី ចុះ​ដូច​ម្តេច​ឡើយ​បាន​ជា​គាត់​និយាយ​ថា គាត់​ចុះ​ពី​ស្ថាន‌សួគ៌​មក​ដូច្នេះ