13 នោះពួកផារិស៊ីទូលថា អ្នកធ្វើបន្ទាល់ពីខ្លួនអ្នក ដូច្នេះ សេចក្តីបន្ទាល់របស់អ្នកមិនពិតទេ
14 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ទោះបីខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ គង់តែសេចក្តីបន្ទាល់នោះក៏ពិតដែរ ព្រោះខ្ញុំដឹងជាខ្ញុំមកពីណា ហើយទៅឯណាផង តែអ្នករាល់គ្នាមិនដឹងជាខ្ញុំមកពីណា ឬទៅឯណាទេ
15 អ្នករាល់គ្នាជំនុំជំរះតាមសាច់ឈាម ឯខ្ញុំមិនជំនុំជំរះអ្នកណាទេ
16 តែបើខ្ញុំជំនុំជំរះដែរ នោះសេចក្តីជំនុំជំរះរបស់ខ្ញុំជាពិតវិញ ពីព្រោះខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់គង់ជាមួយផង
17 ហើយក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ក៏មានពាក្យចែងទុកមកថា សេចក្តីបន្ទាល់របស់មនុស្ស២នាក់ នោះពិតហើយ
18 ដូច្នេះ មានខ្ញុំនេះ១ដែលធ្វើបន្ទាល់ពីខ្លួនខ្ញុំ ហើយមានព្រះវរបិតា១ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ
19 នោះគេទូលសួរថា តើព្រះវរបិតាអ្នកនៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ឬព្រះវរបិតាខ្ញុំទេ បើសិនជាអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះនឹងស្គាល់ដល់ព្រះវរបិតាខ្ញុំដែរ