យ៉ូហាន 8:14-20 KHOV

14 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ទោះ‌បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​សេចក្តី​បន្ទាល់​នោះ​ក៏​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ឯ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ

15 អ្នក​រាល់​គ្នា​ជំនុំ‌ជំរះ​តាម​សាច់​ឈាម ឯ​ខ្ញុំ​មិន​ជំនុំ‌ជំរះ​អ្នក​ណា​ទេ

16 តែ​បើ​ខ្ញុំ​ជំនុំ‌ជំរះ​ដែរ នោះ​សេចក្តី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ជា​ពិត​វិញ ពី​ព្រោះ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​គង់​ជា​មួយ​ផង

17 ហើយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា ក៏​មាន​ពាក្យ​ចែង​ទុក​មក​ថា សេចក្តី​បន្ទាល់​របស់​មនុស្ស​២​នាក់ នោះ​ពិត​ហើយ

18 ដូច្នេះ មាន​ខ្ញុំ​នេះ​១​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះ‌វរ‌បិតា​១​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ

19 នោះ​គេ​ទូល​សួរ​ថា តើ​ព្រះ‌វរ‌បិតា​អ្នក​នៅ​ឯ​ណា ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ឬ​ព្រះ‌វរ‌បិតា​ខ្ញុំ​ទេ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​នឹង​ស្គាល់​ដល់​ព្រះ‌វរ‌បិតា​ខ្ញុំ​ដែរ

20 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​នៅ​ត្រង់​ឃ្លាំង កំពុង​ដែល​ទ្រង់​បង្រៀន នៅ​ក្នុង​ព្រះ‌វិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ទ្រង់​ទេ ព្រោះ​កំណត់​របស់​ទ្រង់​មិន​ទាន់​ដល់​នៅ​ឡើយ។