យ៉ូហាន 8:2-8 KHOV

2 ដល់​ព្រលឹម​ឡើង ទ្រង់​យាង​ត្រឡប់​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តា‌ជន​ក៏​មក​ឯ​ទ្រង់ នោះ​ទ្រង់​គង់​ចុះ​បង្រៀន​គេ

3 រួច​ពួក​អាចារ្យ និង​ពួក​ផារិ‌ស៊ី គេ​នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ដំណេក​មក​ឯ​ទ្រង់ កាល​គេ​ដាក់​ស្ត្រី​នោះ នៅ​កណ្តាល​ជំនុំ​ហើយ នោះ​ក៏​ទូល​ថា

4 លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយ‌ស្មន់​នឹង​គ្នា

5 រីឯ​ក្នុង​ក្រឹត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច

6 គេ​ទូល​ដូច្នោះ ដើម្បី​នឹង​ល្បង​ល​ទ្រង់​ទេ ប្រយោជន៍​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឱន​ទៅ​សរសេរ​នៅ​ដី ដោយ​ព្រះ‌អង្គុលី​វិញ

7 តែ​ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ បាន​ជា​ទ្រង់​ងើប​ឡើង មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ

8 រួច​ទ្រង់​ក៏​ឱន​សរសេរ​នៅ​ដី​ម្តង​ទៀត