29 ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប
30 កំពុងដែលទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះ នោះមានមនុស្សជាច្រើនបានជឿដល់ទ្រង់។
31 នោះព្រះយេស៊ូវមានព្រះបន្ទូល ទៅពួកសាសន៍យូដាដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន
32 អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច
33 គេទូលឆ្លើយថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបំរើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ
34 ព្រះយេស៊ូវមានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ
35 រីឯបាវបំរើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ