យ៉ូហាន 8:30-36 KHOV

30 កំពុង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ទ្រង់។

31 នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន

32 អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច

33 គេ​ទូល​ឆ្លើយ​ថា យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ក៏​មិន​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ

34 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ

35 រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះ‌រាជ‌បុត្រា ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​វិញ

36 ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត