36 ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត
37 ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ ប៉ុន្តែអ្នករាល់គ្នារកសំឡាប់ខ្ញុំ ពីព្រោះពាក្យខ្ញុំ គ្មានកន្លែងដក់នៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ
38 ឯខ្ញុំៗ និយាយតែសេចក្តីណាដែលខ្ញុំបានឃើញ នៅឯព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែការដែលបានឃើញ នៅឯឪពុករបស់អ្នករាល់គ្នាវិញ
39 គេទូលឆ្លើយថា គឺលោកអ័ប្រាហាំ ជាឪពុកនៃយើងរាល់គ្នា ព្រះយេស៊ូវមានព្រះបន្ទូលថា បើអ្នករាល់គ្នាជាពូជលោកអ័ប្រាហាំពិត នោះនឹងធ្វើតាមលោកជាប្រាកដ
40 តែឥឡូវនេះ អ្នករាល់គ្នារកចង់សំឡាប់ខ្ញុំវិញ ជាមនុស្សដែលយកសេចក្តីពិត ដែលបានឮពីព្រះ មកប្រាប់ដល់អ្នករាល់គ្នា លោកអ័ប្រាហាំមិនបានធ្វើដូច្នោះទេ
41 អ្នករាល់គ្នាធ្វើតាមតែឪពុករបស់ខ្លួន ដូច្នេះគេទូលថា យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែ១ គឺជាព្រះ
42 ព្រះយេស៊ូវមានព្រះបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ