យ៉ូហាន 8:40-46 KHOV

40 តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​ចង់​សំឡាប់​ខ្ញុំ​វិញ ជា​មនុស្ស​ដែល​យក​សេចក្តី​ពិត ដែល​បាន​ឮ​ពី​ព្រះ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ

41 អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ​គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរ‌បិតា​តែ​១ គឺ​ជា​ព្រះ

42 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា បើ​ព្រះ​ជា​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ

43 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ

44 អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្តី​ពិត ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង

45 ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ

46 តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ