យ៉ូហាន 8:42-48 KHOV

42 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា បើ​ព្រះ​ជា​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ

43 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ

44 អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្តី​ពិត ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង

45 ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ

46 តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ

47 អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។

48 នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី