1 លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត
2 ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ
3 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ
4 កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ
5 កាលខ្ញុំកំពុងតែនៅក្នុងលោកីយ៍នៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ៍
6 លុះមានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ
7 រួចមានព្រះបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ (ស៊ីឡោម គឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ