យ៉ូហាន 9:3-9 KHOV

3 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សំដែង​មក ក្នុង​ខ្លួន​គាត់​វិញ

4 កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ

5 កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​លោកីយ៍​នៅ​ឡើយ នោះ​ខ្ញុំ​ជា​ពន្លឺ​នៃ​លោកីយ៍

6 លុះ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ដាក់​នៅ​ដី ហើយ​យក​ទឹក​ព្រះ‌ឱស្ឋ​ទ្រង់​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​នៃ​មនុស្ស​ខ្វាក់​នោះ

7 រួច​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ី‌ឡោមទៅ (ស៊ី‌ឡោម គឺ​ស្រាយ​ថា ចាត់​ឲ្យ​ទៅ) ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ ទាំង​មើល​ឃើញ

8 នោះ​ពួក​អ្នក​ជិត​ខាង និង​ពួក​អ្នក​ដែល​ពី​ដើម​បាន​ឃើញ​ថា គាត់​ជា​អ្នក​សុំ​ទាន គេ​និយាយ​ថា អ្នក​នេះ​ទេ​តើ ដែល​ធ្លាប់​តែ​អង្គុយ​សុំ​ទាន​គេ

9 ខ្លះ​ថា គឺ​អ្នក​ហ្នឹង​ហើយ ខ្លះ​ទៀត​ថា គាត់​ដូច​ជា​អ្នក​នោះ​ទេ តែ​គាត់​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ឯង