វិវរណៈ 11:5-11 KHOV

5 បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​ដល់​អ្នក​២​នាក់​នោះ នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គេ មក​បញ្ឆេះ​បំផ្លាញ​ពួក​ខ្មាំង​សត្រូវ​វិញ បើ​សិន​ជា​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​គេ នោះ​ត្រូវ​ស្លាប់​ទៅ​យ៉ាង​ដូច្នោះ

6 អ្នក​ទាំង​២​នោះ​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង មិន​ឲ្យ​ភ្លៀង​ធ្លាក់​មក​ក្នុង​គ្រា​ដែល​គេ​ទាយ ក៏​មាន​អំណាច​នឹង​បំផ្លាស់​ទឹក​ឲ្យ​ទៅ​ជា​ឈាម ហើយ​នឹង​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​សេចក្ដី​ទេវនា​គ្រប់​យ៉ាង ក្នុង​វេលា​ណា​ក៏​ដោយ តាម​តែ​ចិត្ត​បាន។

7 កាល​ណា​អ្នក​២​នាក់​នោះ បាន​ធ្វើ​បន្ទាល់​របស់​ខ្លួន​ស្រេច​ហើយ នោះ​សត្វ​សាហាវ​ដែល​ឡើង​មក​ពី​ជង្ហុក​ធំ​នឹង​ច្បាំង​នឹង​គេ ទាំង​ឈ្នះ ហើយ​សំឡាប់​គេ​ផង

8 ខ្មោច​គេ​ទាំង​២​នាក់ នឹង​ដេក​នៅ​ផ្លូវ​ទី​ក្រុង​ធំ ដែល​ខាង​ព្រលឹង​វិញ្ញាណ​ហៅ​ថា​ក្រុង​សូដុំម ហើយ​ស្រុក​អេស៊ីព្ទ គឺ​នៅ​ក្រុង​នេះ​ឯង ដែល​មនុស្ស​បាន​ឆ្កាង​ព្រះ‌អម្ចាស់​នៃ​អ្នក​ទាំង​២​នោះ​ដែរ

9 នោះ​នឹង​មាន​មនុស្ស​ពី​គ្រប់​ទាំង​គ្រួសារ ពូជ​មនុស្ស ភាសា និង​សាសន៍​ទាំង​ប៉ុន្មាន បាន​ឃើញ​ខ្មោច​គេ នៅ​អស់​៣​ថ្ងៃ​កន្លះ មិន​ព្រម​ឲ្យ​អ្នក​ណា​កប់​ឡើយ

10 ហើយ​មនុស្ស​នៅ​ផែនដី​ទាំង​ប៉ុន្មាន គេ​នឹង​មាន​សេចក្ដី​អំណរ​ហើយ​លេង​សប្បាយ ពី​ដំណើរ​អ្នក​ទាំង​២​បាន​ស្លាប់​ហើយ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ហោរា​ទាំង​២​នោះ​បាន​ធ្វើ​ទុក្ខ​ដល់​មនុស្ស ដែល​នៅ​ផែនដី​ទាំង​ប៉ុន្មាន​ជា​ខ្លាំង​ណាស់។

11 ក្រោយ​៣​ថ្ងៃ​កន្លះ​នោះ​មក ព្រះ‌វិញ្ញាណ​នៃ​ជីវិត ដែល​មក​ពី​ព្រះ​ក៏​ចូល​ក្នុង​ខ្មោច​ទាំង​២ រួច​គេ​ក្រោក​ឈរ​ឡើង ហើយ​ពួក​អ្នក​ដែល​ឃើញ​ក៏​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង