វិវរណៈ 12:7-13 KHOV

7 នោះ​មាន​ចំបាំង​នៅ​លើ​មេឃ គឺ​មីកែល និង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ

8 តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង

9 នោះ​នាគ​ធំ ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ៍​ទាំង​មូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង។

10 នោះ​ខ្ញុំ​ឮ​សំឡេង​១​យ៉ាង​ខ្លាំង នៅ​លើ​មេឃ​ថា ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ‌ចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ហើយ

11 គេ​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​នៃ​កូន​ចៀម ហើយ​ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​គេ ក៏​មិន​បាន​ស្តាយ​ជីវិត​ខ្លួន​ដរាប​ដល់​ស្លាប់

12 ដោយ​ហេតុ​នោះ ឱ​ស្ថាន‌សួគ៌ និង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ។

13 លុះ​នាគ​ឃើញ​ថា វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​ហើយ នោះ​វា​ក៏​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​ដែល​សំរាល​កូន​ប្រុស​នោះ