វិវរណៈ 13:12-18 KHOV

12 ក៏​ប្រព្រឹត្ត​ដោយ​នូវ​គ្រប់​ទាំង​អំណាច​របស់​សត្វ​ទី​១ នៅ​មុខ​នាគ​នោះ ទាំង​បណ្តាល​ឲ្យ​ផែនដី និង​អស់​អ្នក​ដែល​នៅ​ផែនដី​បាន​ក្រាប​ថ្វាយ‌បង្គំ ដល់​សត្វ​ទី​១​ដែល​មាន​របួស​ដល់​ស្លាប់​នោះ តែ​បាន​សះ​ជា​វិញ​នោះ​ផង

13 វា​ក៏​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ធ្វើ​ឲ្យ​ធ្លាក់​ទាំង​ភ្លើង ពី​លើ​មេឃ​មក​លើ​ផែនដី នៅ​មុខ​មនុស្ស​លោក​ផង

14 វា​បញ្ឆោត​ពួក​មនុស្ស​នៅ​ផែនដី ដោយ‌សារ​ទី​សំគាល់ ដែល​វា​មាន​អំណាច​នឹង​ធ្វើ នៅ​មុខ​សត្វ​នោះ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ផែនដី ឲ្យ​ធ្វើ​រូប​សត្វ​នោះ ដែល​ត្រូវ​របួស​នឹង​ដាវ តែ​បាន​រស់​វិញ​ដែរ

15 ក៏​មាន​អំណាច​បាន​ប្រគល់​ឲ្យ​វា នឹង​ធ្វើ​ឲ្យ​រូប​សត្វ​នោះ​មាន​ខ្យល់​ដង្ហើម ដើម្បី​ឲ្យ​បាន​ចេះ​និយាយ ហើយ​អំណាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​សត្វ​នោះ ត្រូវ​ស្លាប់​ផង

16 វា​ក៏​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​ធំ ទាំង​តូច ទាំង​មាន ទាំង​ក្រ ហើយ​ទាំង​អ្នក​ជា និង​បាវ​គេ ឲ្យ​ទទួល​ទី​សំគាល់​នៅ​ដៃ​ស្តាំ ឬ​នៅ​ថ្ងាស​គេ​រៀង​ខ្លួន

17 ហើយ​មិន​បើក​ឲ្យ​អ្នក​ណា​មាន​ច្បាប់​នឹង​ទិញ ឬ​លក់​អ្វី​បាន​ឡើយ លើក​តែ​អ្នក​ដែល​មាន​ទី​សំគាល់​នោះ​ចេញ គឺ​ជា​ឈ្មោះ​របស់​សត្វ​នោះ ឬ​ជា​លេខ​ឈ្មោះ​របស់​វា

18 នេះ​ហើយ​ជា​ប្រាជ្ញា អ្នក​ណា​ដែល​មាន​យោបល់ ឲ្យ​អ្នក​នោះ​រាប់​លេខ​នៃ​សត្វ​នោះ​ចុះ ដ្បិត​លេខ​នោះ​ជា​លេខ​របស់​មនុស្ស​គឺ​៦៦៦។