វិវរណៈ 14:12-18 KHOV

12 នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់​របស់​ពួក​បរិសុទ្ធ ដែល​កាន់​តាម​បញ្ញត្ត​របស់​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ។

13 ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​កត់​ទុក​ដូច្នេះ​ថា ពី​នេះ​ទៅ​មុខ អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះ‌អម្ចាស់ នោះ​មាន​ពរ​ហើយ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហ្នឹង​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​ការ​គេ​ធ្វើ ក៏​តាម​គេ​ជាប់។

14 នោះ​ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ពពក​ស​១ ហើយ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស គង់​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស ហើយ​កាន់​កណ្តៀវ​ដ៏​មុត

15 រួច​មាន​ទេវតា​១​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​ពពក​ថា សូម​លូក​កណ្តៀវ​ទ្រង់​ទៅ​ច្រូត​ចុះ ដ្បិត​ជា​វេលា​ត្រូវ​ច្រូតហើយ ពី​ព្រោះ​នៅ​ផែនដី​បាន​ទុំ​ជា​ស្រេច

16 នោះ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​ពពក ទ្រង់​លូក​កណ្តៀវ​ទៅ​ឯ​ផែនដី ដូច្នេះ ផែនដី​ក៏​បាន​ច្រូត​រួច​ហើយ។

17 រួច​មាន​ទេវតា​១​ទៀត ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​មក ទាំង​កាន់​ចែយ៉ាង​មុត​ដែរ

18 ហើយ​មាន​ទេវតា​១​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​ទេវតា​ដែល​កាន់​ចែ​ដ៏​មុត​នោះ​ថា ចូរ​លូក​ចែ​ដ៏​មុត​របស់​ឯង ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​ទុំ​ហើយ