12 ទេវតាទី៦ ក៏ចាក់ពីចានខ្លួន ទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងថ្ងៃរះ
13 រួចខ្ញុំឃើញវិញ្ញាណអសោច៣ ដូចជាកង្កែប ចេញពីមាត់នាគ មាត់សត្វ និងពីមាត់ហោរាក្លែងក្លាយមក
14 ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត
15 (មើល អញមកដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្តិ៍ខ្មាសខ្លួនឡើយ)
16 រួចវិញ្ញាណទាំងនោះ ក៏ប្រមូលគេទៅឯកន្លែង ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន។
17 ទេវតាទី៧ ក៏ចាក់ពីចានខ្លួន ទៅក្នុងអាកាស រួចមានឮសំឡេងខ្លាំង ចេញពីបល្ល័ង្ក ក្នុងព្រះវិហារនៅស្ថានសួគ៌ មកថា ស្រេចហើយ
18 រួចមានផ្លេកបន្ទោរ សូរសំឡេង និងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នេះឡើយ