5 ហើយនៅថ្ងាសវាមានកត់ឈ្មោះថា «សេចក្ដីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្រីសំផឹង និងអស់ទាំងសេចក្ដីគួរខ្ពើមនៅផែនដី»
6 ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ ហើយនឹងឈាមរបស់ពួកអ្នកធ្វើបន្ទាល់ពីព្រះយេស៊ូវ លុះខ្ញុំឃើញវាហើយ ក៏មានសេចក្ដីអស្ចារ្យជាខ្លាំង។
7 នោះទេវតាសួរខ្ញុំថា ហេតុអ្វីបានជាអ្នកមានសេចក្ដីអស្ចារ្យដូច្នេះ ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹង ពីសេចក្ដីអាថ៌កំបាំងរបស់ស្ត្រីនោះ ហើយនឹងសត្វដែលវាជិះនោះ ដែលមានក្បាល៧ និងស្នែង១០ដែរ
8 ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតលោកីយ៍មក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញនោះ
9 នេះហើយជាគំនិតដ៏មានប្រាជ្ញា ឯក្បាលទាំង៧ នោះជាភ្នំ៧ គឺជាកន្លែងដែលស្ត្រីនោះអង្គុយនៅ
10 ក៏មានស្តេច៧អង្គ ឯ៥អង្គបានដួលហើយ មាន១អង្គនៅសព្វថ្ងៃ ហើយ១អង្គទៀតមិនទាន់មកដល់ទេ កាលណាស្តេចនោះបានមកហើយ នោះនឹងនៅមិនយូរប៉ុន្មានទេ
11 រីឯសត្វដែលពីដើមមាន តែឥឡូវនេះបាត់ នោះជាស្តេចទី៨ ដែលកើតមកពីស្តេច៧អង្គនោះ ហើយត្រូវវិនាសបាត់ទៅវិញ