7 នោះទេវតាសួរខ្ញុំថា ហេតុអ្វីបានជាអ្នកមានសេចក្ដីអស្ចារ្យដូច្នេះ ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹង ពីសេចក្ដីអាថ៌កំបាំងរបស់ស្ត្រីនោះ ហើយនឹងសត្វដែលវាជិះនោះ ដែលមានក្បាល៧ និងស្នែង១០ដែរ
8 ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតលោកីយ៍មក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញនោះ
9 នេះហើយជាគំនិតដ៏មានប្រាជ្ញា ឯក្បាលទាំង៧ នោះជាភ្នំ៧ គឺជាកន្លែងដែលស្ត្រីនោះអង្គុយនៅ
10 ក៏មានស្តេច៧អង្គ ឯ៥អង្គបានដួលហើយ មាន១អង្គនៅសព្វថ្ងៃ ហើយ១អង្គទៀតមិនទាន់មកដល់ទេ កាលណាស្តេចនោះបានមកហើយ នោះនឹងនៅមិនយូរប៉ុន្មានទេ
11 រីឯសត្វដែលពីដើមមាន តែឥឡូវនេះបាត់ នោះជាស្តេចទី៨ ដែលកើតមកពីស្តេច៧អង្គនោះ ហើយត្រូវវិនាសបាត់ទៅវិញ
12 ឯស្នែង១០ដែលអ្នកឃើញ នោះជាស្តេច១០អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែនឹងទទួលអំណាចជាស្តេច នៅតែ១ម៉ោងប៉ុណ្ណោះ ជាមួយនឹងសត្វនោះ
13 ស្តេចទាំងនោះនឹងមានគំនិតតែ១ ដើម្បីនឹងប្រគល់កំឡាំង និងអំណាចខ្លួនដល់សត្វនោះ