វិវរណៈ 18:16-22 KHOV

16 ក៏​និយាយ​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ​ដែល​បាន​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស ពណ៌​ស្វាយ និង​ពណ៌​ក្រហម ទាំង​តែង​ខ្លួន​ដោយ​មាស និង​ត្បូង​មាន​ដំឡៃ ហើយ​កែវ‌មុក្តា​ផង

17 ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ម៉្លេះ​នេះ បាន​វិនាស​បាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង​ប៉ុណ្ណោះ អស់​ទាំង​តៃកុង និង​ពួក​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល និង​អស់​អ្នក​ដែល​រក​ស៊ី​ខាង​ជើង​ទឹក គេ​ក៏​ឈរ​ពី​ចំងាយ

18 ទាំង​ស្រែក​ឡើង ដោយ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ភ្លើង ដែល​ឆេះ​វា​នោះ​ថា តើ​មាន​ទី​ក្រុង​ណា​ឲ្យ​ដូច​ជា​ក្រុង​ធំ​នេះ

19 ហើយ​គេ​បាច​ធូលី​ដី​ទៅ​លើ​ក្បាល​ខ្លួន​គេ ទាំង​ស្រែក​ឡើង ដោយ​យំ​ទួញ ហើយ​សោក​សង្រេង​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ ដែល​អស់​ពួក​អ្នក​មាន​នាវា​ដើរ​សមុទ្រ​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​ប្រសើរ​រុងរឿង​របស់​វា ពី​ព្រោះ​វា​ត្រូវ​ចោល​ស្ងាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង។

20 ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ទី​ក្រុង​នោះ​ឡើង ដ្បិត​ព្រះ​ទ្រង់​បាន​កាត់​ទោស តាម​សេចក្ដី​ជំនុំ‌ជំរះ​របស់​ឯង​រាល់​គ្នា​ហើយ

21 នោះ​មាន​ទេវតា​ខ្លាំង​ពូកែ​១​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា ទី​ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ នឹង​ត្រូវ​បោះ​ទំលាក់​ទៅ ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ

22 ក៏​នឹង​គ្មាន​ឮ​សំឡេង​នៃ​ពួក​អ្នក​ចាប់​ស៊ុង ច្រៀង​ចំរៀង ផ្លុំ​ខ្លុយ និង​ត្រែ នៅ​ក្នុង​ឯង​ទៀត​ឡើយ ហើយ​មិន​ឃើញ​មាន​ជាង​ណា ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ឯង ឬ​ឮ​សូរ​ត្បាល់​កិន នៅ​ក្នុង​ឯង​ទៀត​ឡើយ