វិវរណៈ 18:19-24 KHOV

19 ហើយ​គេ​បាច​ធូលី​ដី​ទៅ​លើ​ក្បាល​ខ្លួន​គេ ទាំង​ស្រែក​ឡើង ដោយ​យំ​ទួញ ហើយ​សោក​សង្រេង​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ ដែល​អស់​ពួក​អ្នក​មាន​នាវា​ដើរ​សមុទ្រ​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​ប្រសើរ​រុងរឿង​របស់​វា ពី​ព្រោះ​វា​ត្រូវ​ចោល​ស្ងាត់​ទៅ ក្នុង​ខណៈ​តែ​១​ម៉ោង។

20 ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ទី​ក្រុង​នោះ​ឡើង ដ្បិត​ព្រះ​ទ្រង់​បាន​កាត់​ទោស តាម​សេចក្ដី​ជំនុំ‌ជំរះ​របស់​ឯង​រាល់​គ្នា​ហើយ

21 នោះ​មាន​ទេវតា​ខ្លាំង​ពូកែ​១​រូប បាន​លើក​ថ្ម ដូច​ជា​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទំលាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ពោល​ថា ទី​ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ នឹង​ត្រូវ​បោះ​ទំលាក់​ទៅ ដោយ​គំហុក​យ៉ាង​ដូច្នេះ គេ​នឹង​រក​ទៀត​មិន​ឃើញ​ឡើយ

22 ក៏​នឹង​គ្មាន​ឮ​សំឡេង​នៃ​ពួក​អ្នក​ចាប់​ស៊ុង ច្រៀង​ចំរៀង ផ្លុំ​ខ្លុយ និង​ត្រែ នៅ​ក្នុង​ឯង​ទៀត​ឡើយ ហើយ​មិន​ឃើញ​មាន​ជាង​ណា ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ឯង ឬ​ឮ​សូរ​ត្បាល់​កិន នៅ​ក្នុង​ឯង​ទៀត​ឡើយ

23 និង​គ្មាន​ពន្លឺ​ចង្កៀង​ណា​ភ្លឺ​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នៅ​ក្នុង​ឯង​ទៀត​ឡើយ ដ្បិត​ពួក​ជំនួញ​របស់​ឯង នោះ​ជា​អ្នក​ធំ​នៅ​ផែនដី ពី​ព្រោះ​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយ‌សារ​ការ​មន្ត‌អាគម​របស់​ឯង

24 រីឯ​នៅ​ក្នុង​ទី​ក្រុង​នោះ ឃើញ​មាន​សុទ្ធ​តែ​ឈាម​នៃ​ពួក​ហោរា និង​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​នៃ​អស់​អ្នក ដែល​ត្រូវ​គេ​សំឡាប់​នៅ​ផែនដី​ដែរ។