វិវរណៈ 18:4-10 KHOV

4 ខ្ញុំ​ក៏​ឮ​សំឡេង​១​ទៀត​ពី​លើ​មេឃ ពោល​ថា រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ

5 ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា

6 ចូរ​សង​វា​តាម​ការ​ដែល​វា​បាន​ធ្វើ​ដល់​ឯង​ចុះ ទាំង​ទ្វេ​១​ជា​២​ឲ្យ​វា​ផង ចូរ​ចាក់​១​ជា​២​ទៅ​ក្នុង​ពែង ដែល​វា​បាន​ចាក់​ឲ្យ​ឯង

7 ដែល​វា​បាន​ដំកើង​ខ្លួន ហើយ​រស់​ដោយ​ហ៊ឺ‌ហា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​វា​មាន​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​វា​គិត​ក្នុង​ចិត្ត​ថា អញ​អង្គុយ​ជា​មហា‌ក្សត្រី មិន​មែន​ជា​មេម៉ាយ​ទេ ក៏​មិន​ត្រូវ​មាន​សេចក្ដី​សោក​សង្រេង​ឡើយ

8 ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ទេវនា​របស់​វា នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​១​វិញ គឺ​ជា​សេចក្ដី​ស្លាប់​សោក​សង្រេង និង​អំណត់​អត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំ‌ជំរះ​វា ទ្រង់​ខ្លាំង​ពូកែ​ណាស់

9 នោះ​ពួក​ស្តេច​នៅ​ផែនដី ដែល​សហាយ‌ស្មន់ ហើយ​រស់​ដោយ​ហ៊ឺហា​ជា​មួយ​នឹង​វា គេ​នឹង​យំ​ទួញ ហើយ​សោក​សង្រេង ក្នុង​កាល​ដែល​ឃើញ​ផ្សែង​ហុយ​ឡើង ពី​ភ្លើង​ដែល​កំពុង​តែ​ឆេះ​វា​នោះ

10 គេ​នឹង​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា ទាំង​និយាយ​ថា វេទនាៗ​ហើយ ក្រុង​បាប៊ី‌ឡូន​ដ៏​ជា​ធំ ហើយ​ខ្លាំង​ពូកែ​អើយ ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​ឯង​បាន​សំរេច​ក្នុង​ខណៈ​តែ​១​ម៉ោង​ទេ។