11 ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ»ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត
12 ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ
13 ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ»
14 អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង
15 មានដាវយ៉ាងមុតចេញពីព្រះឱស្ឋទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត
16 ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា «ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
17 ខ្ញុំក៏ឃើញទេវតា១ឈរនៅលើព្រះអាទិត្យ បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់គ្រប់ទាំងសត្វដែលហើរលើអាកាសថា ចូរមកប្រជុំគ្នា និងស៊ីលៀងដ៏ធំរបស់ព្រះចុះ