វិវរណៈ 19:15-21 KHOV

15 មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត

16 ទ្រង់​មាន​ព្រះ‌នាម​កត់​នៅ​ព្រះ‌ពស្ត្រ ហើយ​នៅ​ព្រះ‌ឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។

17 ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ឈរ​នៅ​លើ​ព្រះ‌អាទិត្យ បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​គ្រប់​ទាំង​សត្វ​ដែល​ហើរ​លើ​អាកាស​ថា ចូរ​មក​ប្រជុំ​គ្នា និង​ស៊ី​លៀង​ដ៏​ធំ​របស់​ព្រះ​ចុះ

18 ដើម្បី​នឹង​ស៊ី​សាច់​នៃ​ពួក​ស្តេច ពួក​មេ​ទ័ព ពួក​មនុស្ស​ខ្លាំង​ពូកែ ព្រម​ទាំង​សេះ ហើយ​នឹង​ពួក​អ្នក​ដែល​ជិះ​ដែរ គឺ​ជា​សាច់​នៃ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា និង​ខ្ញុំ​គេ ទាំង​អ្នក​ធំ និង​អ្នក​តូច​ផង។

19 ខ្ញុំ​ក៏​ឃើញ​សត្វ​នោះ និង​ពួក​ស្តេច​នៅ​ផែនដី ព្រម​ទាំង​ពល​ទ័ព​គេ បាន​ប្រមូល​គ្នា ដើម្បី​ច្បាំង​នឹង​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ​ស​នោះ និង​ពួក​ពល​ទ័ព​របស់​ទ្រង់​ផង

20 សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង‌ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា ដើម្បី​នឹង​បញ្ឆោត​ពួក​អ្នក ដែល​ទទួល​ទី​សំគាល់​របស់​សត្វ និង​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​វា ហើយ​វា​ទាំង​២​ក៏​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ

21 ហើយ​ពួក​ដែល​សល់​នៅ ក៏​ត្រូវ​ស្លាប់​ដោយ​ដាវ​ព្រះ‌អង្គ ដែល​គង់​លើ​សេះ ជា​ដាវ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក នោះ​អស់​ទាំង​សត្វ​ស្លាប​បាន​ឆ្អែត ដោយ​សាច់​នៃ​ពួក​ទាំង​នោះ។