វិវរណៈ 19:6-12 KHOV

6 នោះ​ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដូច​សូរ​ទឹក​ច្រើន ហើយ​ដូច​សូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ

7 ចូរ​ឲ្យ​យើង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ទ្រង់​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហ‌មង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច

8 ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក‌ពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ត ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ត នោះ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ

9 ទេវតា​ក៏​ប្រាប់​មក​ខ្ញុំ​ថា ចូរ​សរសេរ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិភោគ​ការ​កូន​ចៀម ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ

10 នោះ​ខ្ញុំ​ទំលាក់​ខ្លួន​ចុះ នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ‌បង្គំ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក ហើយ​នឹង​បង​ប្អូន​អ្នក ដែល​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​ដែរ ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។

11 ខ្ញុំ​ក៏​ឃើញ​មេឃ​បើក​ចំហ​ឡើង នោះ​ឃើញ​មាន​សេះ​ស​១ និង​ព្រះ‌អង្គ​ដែល​គង់​លើ​វា ទ្រង់​មាន​ព្រះ‌នាម​ថា «ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ»ទ្រង់​ជំនុំ‌ជំរះ ហើយ​ច្បាំង​ដោយ​សុចរិត

12 ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះ‌នាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ