វិវរណៈ 19:9-15 KHOV

9 ទេវតា​ក៏​ប្រាប់​មក​ខ្ញុំ​ថា ចូរ​សរសេរ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិភោគ​ការ​កូន​ចៀម ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ

10 នោះ​ខ្ញុំ​ទំលាក់​ខ្លួន​ចុះ នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ‌បង្គំ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក ហើយ​នឹង​បង​ប្អូន​អ្នក ដែល​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​ដែរ ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។

11 ខ្ញុំ​ក៏​ឃើញ​មេឃ​បើក​ចំហ​ឡើង នោះ​ឃើញ​មាន​សេះ​ស​១ និង​ព្រះ‌អង្គ​ដែល​គង់​លើ​វា ទ្រង់​មាន​ព្រះ‌នាម​ថា «ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ»ទ្រង់​ជំនុំ‌ជំរះ ហើយ​ច្បាំង​ដោយ​សុចរិត

12 ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះ‌នាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ

13 ទ្រង់​ក៏​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ទ្រង់​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ»

14 អស់​ទាំង​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀក‌ពាក់​សំពត់​ទេស ហើយ​ស្អាត​ផង

15 មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត