វិវរណៈ 2:12-18 KHOV

12 ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ពើ‌កាម៉ុស​ថា ព្រះ​ដែល​មាន​ដាវ​មុខ​២​ដ៏​មុត ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

13 អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ តែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ ហើយ​មិន​បាន​លះ​ចោល​សេចក្ដី​ជំនឿ​ដល់​អញ​ចេញ​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សំឡាប់​អាន់ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់​របស់​អញ នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង

14 ប៉ុន្តែ អញ​ប្រកាន់​សេចក្ដី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ផង

15 ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ

16 ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ

17 អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង ហើយ​នឹង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។

18 ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​ជា​អណ្តាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​ជា​លង្ហិន​រលីង ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា