វិវរណៈ 2:2-8 KHOV

2 អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ និង​សេចក្ដី​នឿយ​ហត់ ហើយ​សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ហើយ ក៏​ដឹង​ថា ឯង​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​ឯង​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូត‌ភរ​វិញ

3 ឯង​បាន​អត់‌ធន់ ហើយ​ទ្រាំទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ​ហត់ ឥត​ណាយ​ចិត្ត​ឡើយ ដោយ​ព្រោះ​ឈ្មោះ​អញ

4 តែ​អញ​ប្រកាន់​សេចក្ដី​នេះ​នឹង​ឯង គឺ​ថា ឯង​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​ចេញ

5 ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា​នោះ ហើយ​ប្រែ​ចិត្ត​ចុះ រួច​ប្រព្រឹត្ត​តាម​ការ​ដើម​ដំបូង​នោះ​វិញ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង ហើយ​នឹង​ហូត​យក​ជើង​ចង្កៀង​ឯង​ពី​កន្លែង​ចេញ លើក​តែ​ឯង​ប្រែ​ចិត្ត​ឡើង​វិញ

6 ប៉ុន្តែ ឯង​មាន​សេចក្ដី​១​នេះ គឺ​ថា ឯង​ស្អប់​ការ​របស់​ពួក​នីកូឡាស ដែល​អញ​ក៏​ស្អប់​ដែរ

7 អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខរបស់​ព្រះ។

8 ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ស្មឺន៉ាថា ព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា