វិវរណៈ 2:7-13 KHOV

7 អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខរបស់​ព្រះ។

8 ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ស្មឺន៉ាថា ព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

9 អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​កំសត់​របស់​ឯង​ហើយ ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ ក៏​ស្គាល់​សេចក្ដី​ប្រមាថ​របស់​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាសន៍​យូដា​ដែរ តែ​គេ​មិន​មែន​សាសន៍​យូដា​ទេ គឺ​ជា​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​វិញ

10 កុំ​ឲ្យ​ឯង​ខ្លាច​សេចក្ដី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់​១០​ថ្ងៃ ដូច្នេះ ចូរ​នៅ​ជា​ស្មោះ‌ត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង

11 អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​២​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ។

12 ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ពើ‌កាម៉ុស​ថា ព្រះ​ដែល​មាន​ដាវ​មុខ​២​ដ៏​មុត ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

13 អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ តែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ ហើយ​មិន​បាន​លះ​ចោល​សេចក្ដី​ជំនឿ​ដល់​អញ​ចេញ​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សំឡាប់​អាន់ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់​របស់​អញ នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង