8 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
9 អញស្គាល់សេចក្ដីទុក្ខលំបាក និងសេចក្ដីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្ដីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ
10 កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង
11 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះសេចក្ដីស្លាប់ទី២នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ។
12 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
13 អញស្គាល់ទីលំនៅរបស់ឯងហើយ គឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំងនោះ តែឯងកាន់ខ្ជាប់តាមឈ្មោះអញ ហើយមិនបានលះចោលសេចក្ដីជំនឿដល់អញចេញឡើយ ទោះក្នុងគ្រាដែលគេបានសំឡាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្តាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង
14 ប៉ុន្តែ អញប្រកាន់សេចក្ដីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្ដីកំផិតផង