វិវរណៈ 21:4-10 KHOV

4 ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។

5 ឯ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ

6 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ស្រេច​ហើយ អញ​ជា​អាលផា និង​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង បើ​អ្នក​ណា​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ

7 ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្ដី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ

8 តែ​ត្រង់​ពួក​ខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្ត‌អាគម ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​២​វិញ។

9 ក្នុង​ទេវតា​ទាំង​៧ មាន​ទេវតា​១ ដែល​កាន់​ចាន​កន្ទោង​ដ៏​ពេញ​ដោយ​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ទេវតា​នោះ​បាន​មក​និយាយ​នឹង​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ប្រពន្ធ​ថ្មោង‌ថ្មី ជា​ភរិយា​របស់​កូន​ចៀម

10 នោះ​ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​ហើយ​ខ្ពស់ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែល​កំពុង​តែ​ចុះ​ពី​ស្ថាន‌សួគ៌ មក​អំពី​ព្រះ