4 គេនឹងឃើញព្រះភក្ត្រទ្រង់ ហើយព្រះនាមទ្រង់នឹងនៅលើថ្ងាសគេ
5 ក៏នឹងឥតមានយប់ទៀតឡើយ ហើយគេមិនត្រូវការនឹងចង្កៀងណា ឬពន្លឺព្រះអាទិត្យទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេ ហើយគេនឹងសោយរាជ្យ នៅអស់កល្បជានិច្ចរៀងរាបទៅ។
6 ទេវតាក៏និយាយមកខ្ញុំថា ពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ ឯព្រះអម្ចាស់ដ៏ជាព្រះនៃវិញ្ញាណពួកហោរា ទ្រង់ក៏ចាត់ទេវតាទ្រង់មក បង្ហាញឲ្យពួកបាវបំរើទ្រង់ឃើញការ ដែលបន្តិចទៀតត្រូវកើតមក
7 មើល អញមកជាឆាប់ មានពរហើយអ្នកណាដែលកាន់តាមសេចក្ដីទំនាយក្នុងគម្ពីរនេះ។
8 គឺយ៉ូហានខ្ញុំ ដែលបានឃើញ ហើយឮសេចក្ដីទាំងនេះ លុះខ្ញុំឮ ហើយឃើញ នោះខ្ញុំក៏ទំលាក់ខ្លួនរៀបនឹងថ្វាយបង្គំ នៅទៀបជើងនៃទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញសេចក្ដីទាំងនេះ
9 តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក និងពួកអ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះផង ចូរថ្វាយបង្គំដល់ព្រះវិញចុះ។
10 រួចទេវតាប្រាប់មកខ្ញុំថា កុំឲ្យបំបិទសេចក្ដីទំនាយនៅក្នុងគម្ពីរនេះឡើយ ពីព្រោះពេលកំណត់ជិតដល់ហើយ