វិវរណៈ 3:1-6 KHOV

1 ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​សើដេស​ថា ព្រះ​ដ៏​មាន​ព្រះ‌វិញ្ញាណ​ទាំង​៧ និង​ផ្កាយ​ទាំង​៧ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ប្រព្រឹត្ត​ហើយ គឺ​ដែល​ឯង​មាន​ឈ្មោះ​ថា​រស់ តែ​ឯង​ស្លាប់​ទេ

2 ចូរ​ប្រុង​ប្រយ័ត្ន ហើយ​ចម្រើន​កំឡាំង​ដល់​អ្វីៗដែល​នៅ​សល់ ដែល​រៀប​នឹង​ស្លាប់​នោះ​ដែរ ដ្បិត​អញ​មិន​បាន​ឃើញ​ការ​ដែល​ឯង​ប្រព្រឹត្ត​នោះ ជា​ពេញ​ខ្នាត​នៅ​ចំពោះ​ព្រះ​នៃ​អញ​ទេ

3 ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ទទួល ហើយ​បាន​ឮ​ជា​យ៉ាង​ណា រួច​ឲ្យ​កាន់​តាម ហើយ​ប្រែ​ចិត្ត​ចុះ បើ​ឯង​មិន​ចាំ​យាម​ទេ នោះ​អញ​នឹង​មក​ឯ​ឯង​ដូច​ជា​ចោរ ហើយ​ឯង​នឹង​មិន​ដឹង​ជា​វេលា​ណា ដែល​អញ​មក​ឯ​ឯង​ឡើយ

4 ប៉ុន្តែ នៅ​ក្រុង​សើដេស ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ធ្វើ​ឲ្យ​សំលៀក‌បំពាក់​ខ្លួន​ស្មោក‌គ្រោក​ដែរ អ្នក​ទាំង​នោះ​នឹង​ស្លៀក‌ពាក់​ស ដើរ​ជា​មួយ​នឹង​អញ ដ្បិត​គេ​បាន​គួរ​ហើយ

5 អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​ស្លៀក‌ពាក់​ស ហើយ​អញ​មិន​ដែល​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​ជីវិត​ឡើយ អញ​នឹង​ថ្លែង​ប្រាប់​ពី​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរ‌បិតា​អញ និង​ចំពោះ​ពួក​ទេវតា​ទ្រង់​ដែរ

6 អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។