16 ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ
17 ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ
18 បានជាអញទូន្មានឲ្យឯងទិញមាសដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ
19 អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ
20 មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ
21 ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ
22 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។