7 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដ ដែលទ្រង់កាន់កូនសោរបស់ហ្លួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទ ក៏បិទ ហើយគ្មានអ្នកណាបើកបាន ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
8 អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចដែលបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ
9 មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង ដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែនទេ គឺគេកុហកវិញ មើលអញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបានស្រឡាញ់ដល់ឯងផង
10 ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្ដីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយ៍ទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន
11 មើល អញមកជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្ដីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ
12 អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ និងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ
13 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។