9 មើល អញប្រគល់ពួកជំនុំរបស់អារក្សសាតាំងខ្លះដល់ឯង ដែលពួកនោះអួតខ្លួនថាជាសាសន៍យូដា តែមិនមែនទេ គឺគេកុហកវិញ មើលអញនឹងឲ្យគេមកក្រាបសំពះ នៅទៀបជើងឯង ព្រមទាំងឲ្យគេដឹងថា អញបានស្រឡាញ់ដល់ឯងផង
10 ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្ដីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយ៍ទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន
11 មើល អញមកជាឆាប់ហើយ ចូរកាន់ខ្ជាប់តាមសេចក្ដីដែលឯងមានហើយចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ
12 អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ និងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ
13 អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ។
14 ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងឡៅឌីសេថា ព្រះដ៏ជា «អាម៉ែន» ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមការដែលព្រះទ្រង់បង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
15 អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី