វិវរណៈ 5:9-14 KHOV

9 ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ

10 ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី។

11 នោះ​ខ្ញុំ​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ព្រម​ទាំង​តួ​មាន​ជីវិត និង​ពួក​ចាស់‌ទុំ​ផង ឯ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ហើយ​ទាំង​ពាន់​រាប់​ជា​ពាន់

12 គ្រប់​គ្នា​ក៏​បន្លឺ​សំឡេង​ថា កូន​ចៀម​ដែល​គេ​បាន​សំឡាប់ នោះ​គួរ​នឹង​បាន​ព្រះ‌ចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិ‌ឫទ្ធិ កិត្តិ‌នាម សិរី‌ល្អ និង​ព្រះ‌ពរ

13 នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​អស់ ដែល​មាន​ជីវិត នៅ​ស្ថាន‌សួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា សូម​ថ្វាយ​ព្រះ‌ពរ កិត្តិ‌នាម សិរី‌ល្អ និង​ព្រះ‌ចេស្តា ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ

14 រួច​តួ​មាន​ជីវិត​ទាំង​៤​ក៏​ទទួល​ថា អាម៉ែន ហើយ​ពួក​ចាស់‌ទុំ​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ។