វិវរណៈ 6:11-17 KHOV

11 នោះ​មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ ហើយ​ក៏​ប្រាប់​ឲ្យ​ឈប់​សំរាក​បន្តិច​សិន ទាល់​តែ​ពួក​បាវ​បំរើ ជា​គូ‌កន ហើយ​ជា​បង​ប្អូន ដែល​ត្រូវ​សំឡាប់​បែប​ដូច​គ្នា បាន​គ្រប់​ចំនួន។

12 លុះ​បក​ត្រា​ទី​៦ នោះ​ខ្ញុំ​ក្រឡេក​ទៅ ឃើញ​មាន​កក្រើក​ដី​ជា​ខ្លាំង ថ្ងៃ​ក៏​ត្រឡប់​ទៅ​ជា​ខ្មៅ​ដូច​សំពត់​រោម​ខ្មៅ ហើយ​ខែ​ក៏​ត្រឡប់​ប្រែ​ទៅ​ដូច​ជា​ឈាម

13 ផ្កាយ​នៅ​លើ​មេឃ​ក៏​ធ្លាក់​មក​លើ​ផែនដី ដូច​ជា​ដើម​ល្វា​ដែល​ត្រូវ​ខ្យល់​ធំ គ្រវាត់​បណ្តាច់​ផ្លែ​ខ្ចី​ចោល​ចេញ​ដែរ

14 ផ្ទៃ​មេឃ​ក៏​បាត់​ទៅ ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទៅ​វិញ ហើយ​គ្រប់​ទាំង​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​រើ​ចេញ​ពី​កន្លែង​ផង

15 អស់​ទាំង​ស្តេច​នៅ​ផែនដី និង​ពួក​អ្នក​ធំ ពួក​អ្នក​មាន ពួក​មេ​ទ័ព ពួក​ខ្លាំង​ពូកែ ហើយ​គ្រប់​ទាំង​បាវ​បំរើ និង​អ្នក​ជា​ទាំង​ប៉ុន្មាន គេ​ពួន​នៅ​ក្នុង​រអាង ហើយ​ក្នុង​ក្រហែង​ភ្នំ​ទាំង​អស់​គ្នា

16 គេ​អង្វរ​ទៅ​ភ្នំ ហើយ​ទៅ​ថ្ម​ថា សូម​ធ្លាក់​មក​លើ​យើង ដើម្បី​បំបាំង​យើងពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀម​ចេញ

17 ដ្បិត​ថ្ងៃ​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​មក​ដល់​ហើយ តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​បាន។