28 ឯអ្នកណាដែលក្បត់ក្រឹត្យវិន័យលោកម៉ូសេ នោះបានត្រូវស្លាប់ឥតប្រណី ដោយសេចក្ដីបន្ទាល់របស់មនុស្ស២ឬ៣នាក់
29 ចុះតើអ្នករាល់គ្នាស្មានថា គេគួរមានទោសជាធ្ងន់ជាងយ៉ាងណាទៅ ដែលគេជាន់ឈ្លីព្រះរាជបុត្រានៃព្រះ ទាំងរាប់ព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ទុកដូចជារបស់ប្រើធម្មតា ហើយត្មះតិះដៀលដល់ព្រះវិញ្ញាណដ៏មានព្រះគុណផងនោះ
30 ដ្បិតយើងស្គាល់ព្រះអង្គដែលទ្រង់មានព្រះបន្ទូលថា «សេចក្ដីសងសឹកជារបស់ផងអញ អញនឹងសងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់» ហើយ១ទៀតថា «ព្រះអម្ចាស់ទ្រង់នឹងជំនុំជំរះរាស្ត្រទ្រង់»
31 រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់។
32 ចូរនឹកចាំពីជាន់មុន គឺពីកាលដែលអ្នករាល់គ្នាទើបនឹងបានភ្លឺឡើង នោះក៏ទ្រាំនឹងទុក្ខលំបាក ទាំងតតាំងជាខ្លាំងដែរ
33 ដោយសារគេយកអ្នករាល់គ្នាទុកជាល្បែងមើលលេង ទាំងត្មះតិះដៀល ហើយធ្វើទុក្ខដល់អ្នករាល់គ្នានោះម្យ៉ាង ហើយមួយទៀត ដោយអ្នករាល់គ្នាបានភប់ប្រសព្វនឹងពួកអ្នក ដែលត្រូវទុក្ខលំបាកដូច្នោះម្យ៉ាងផង
34 ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរ ដល់ពួកអ្នកដែលជាប់ចំណង ក៏ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្តិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង នៅឯស្ថានសួគ៌