ហេព្រើរ 4:10-16 KHOV

10 ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្តទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ

11 ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ

12 ពី​ព្រោះ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ

13 គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់។

14 ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន‌សួគ៌ គឺ​ព្រះ‌យេស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ

15 ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត‌អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ

16 ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។