ហេព្រើរ 7:11-17 KHOV

11 ដូច្នេះ បើ​សិន​ជា​មនុស្ស​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ‌ងារ​ជា​សង្ឃ ខាង​ពួក​លេវី ដ្បិត​គឺ​ក្រោម​ការ‌ងារ​នោះ ដែល​ប្រជា‌ជន​បាន​ទទួល​ក្រឹត្យ‌វិន័យ​ទៅ​ហើយ នោះ​តើ​ត្រូវ​ការ​អ្វី​ឲ្យ​មាន​សង្ឃ​១​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀប​លោក​អើរ៉ុន គឺ​តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក​វិញ​ធ្វើ​អី

12 ពី​ព្រោះ បើ​ការ‌ងារ​ជា​សង្ឃ​បាន​ផ្លាស់​ប្រែ​ទៅ នោះ​ក្រឹត្យ‌វិន័យ​ក៏​ត្រូវ​ផ្លាស់​ប្រែ​ដែរ

13 ដ្បិត​ឯ​ព្រះ‌អង្គ ដែល​គេ​បាន​ទាយ​សេចក្ដី​នេះ​ពី​ទ្រង់ ទ្រង់​កើត​ពី​ពូជ​អំបូរ​១​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​បាន​ធ្វើ​ការ​បំរើ​នៅ​អាសនា​ឡើយ

14 ដ្បិត​ច្បាស់​ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​កើត​ពី​ពូជ​អំបូរ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​ពី​ពូជ​អំបូរ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ

15 សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត ដោយ​មាន​សង្ឃ​១​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិល‌គីស្សា‌ដែក

16 សង្ឃនោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យ‌វិន័យ ដែល​មាន​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ

17 ដ្បិត​មាន​សេចក្ដី​បន្ទាល់​ពី​ទ្រង់​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក»