ហេព្រើរ 7:14-20 KHOV

14 ដ្បិត​ច្បាស់​ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​បាន​កើត​ពី​ពូជ​អំបូរ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​ពី​ពូជ​អំបូរ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ

15 សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត ដោយ​មាន​សង្ឃ​១​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិល‌គីស្សា‌ដែក

16 សង្ឃនោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យ‌វិន័យ ដែល​មាន​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ

17 ដ្បិត​មាន​សេចក្ដី​បន្ទាល់​ពី​ទ្រង់​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក»

18 ឯ​សេចក្ដី​បញ្ញត្ត​ដែល​មាន​ពី​មុន​មក នោះ​ត្រូវ​លើក​ចោល​វិញ ដោយ​ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍

19 (ពី​ព្រោះ​ក្រឹត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ) ក៏​មាន​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​ជាង​បាន​ចូល​មក​ផង ដែល​យើង​រាល់​គ្នា​នឹង​ចូល​ទៅ​ជិត​ព្រះ​បាន ដោយ‌សារ​សេចក្ដី​សង្ឃឹម​នោះ។

20 ពួក​សង្ឃ​ទាំង​នោះ គេ​បាន​តាំង​ឲ្យ​មាន​ងារ ដោយ​ឥត​មាន​សម្បថ​ទេ