4 ដ្បិតបើសិនជាទ្រង់គង់នៅផែនដី នោះទ្រង់មិនបានធ្វើជាសង្ឃទេ ពីព្រោះមានពួកសង្ឃដែលថ្វាយដង្វាយ តាមក្រឹត្យវិន័យហើយ
5 ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ ដូចជាព្រះបានបង្គាប់លោកម៉ូសេ ក្នុងកាលដែលលោករៀបនឹងធ្វើរោងឧបោសថថា «ចូរប្រយ័ត្ននឹងធ្វើគ្រប់ទាំងអស់ តាមគំរូដែលអញបានបង្ហាញឯងនៅលើភ្នំ»
6 តែឥឡូវនេះវិញ ដែលទ្រង់ជាអ្នកកណ្តាលរបស់សេចក្ដីសញ្ញា១ដ៏ប្រសើរជាងប៉ុណ្ណា ដែលសេចក្ដីសញ្ញានោះបានតាំងឡើង លើពាក្យសន្យាប្រសើរជាងផង នោះទ្រង់ក៏បានទទួលការងារដ៏ប្រសើរជាងប៉ុណ្ណោះដែរ
7 ដ្បិតបើសិនជាសញ្ញាចាស់ឥតមានកំហុស នោះមិនបានរកកន្លែងឲ្យបានតាំង១ទៀតឡើយ
8 ពីព្រោះ ដែលទ្រង់ចាប់សេចក្ដីកំហុស នោះទ្រង់មានព្រះបន្ទូលទៅគេថា «មើល ព្រះអម្ចាស់មានព្រះបន្ទូលថា នឹងមានថ្ងៃមក ដែលអញនឹងតាំងសញ្ញាថ្មី ដល់វង្សានុវង្សនៃពួកអ៊ីស្រាអែល និងពួកយូដា
9 មិនមែនតាមសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃ នាំគេចេញពីស្រុកអេស៊ីព្ទនោះទេ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញនោះឡើយ ហើយអញបានបែរចេញពីគេដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់
10 ព្រះអម្ចាស់មានព្រះបន្ទូលថា ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់វង្សានុវង្សនៃពួកអ៊ីស្រាអែលក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងគំនិតគេ ហើយនឹងកត់ទុកនៅក្នុងចិត្តគេផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្ររបស់អញ