17 ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើបុណ្យជ្រមុជទឹកទេ គឺឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ។
18 ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ
19 ព្រោះមានសេចក្តីចែងទុកមកថា «អញនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយនឹងលើកចំណេះរបស់ពួកអ្នក ដែលចេះ ចោលចេញ»
20 តើអ្នកប្រាជ្ញនៅឯណា តើអាចារ្យនៅឯណា តើអ្នកដេញដោលនៃសម័យនេះនៅឯណា ព្រះទ្រង់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាសេចក្តីល្ងង់ល្ងើវិញទេតើ
21 ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ
22 ពីព្រោះសាសន៍យូដា គេចង់ឃើញភស្តុតាង ហើយសាសន៍ក្រេក គេស្វែងរកប្រាជ្ញា
23 តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងង់ល្ងើដល់សាសន៍ក្រេក