11 នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ ជាដំណឹង ដែលផ្ញើទុកនឹងខ្ញុំ។
12 ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ
13 ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន តែទ្រង់បានអាណិតមេត្តាដល់ខ្ញុំ ពីព្រោះខ្ញុំបានប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្តីជំនឿ
14 តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចំរើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង
15 ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ
16 ដោយហេតុនោះបានជាទ្រង់អាណិតមេត្តាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញ គ្រប់ទាំងសេចក្តីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នក ដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិត អស់កល្បជានិច្ច
17 រីឯស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ នោះសូមឲ្យទ្រង់បានល្បីព្រះនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។