10 ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន។
11 តែ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្តីទាំងនោះ ហើយដេញតាមសេចក្តីសុចរិត សេចក្តីគោរពប្រតិបត្តិដល់ព្រះ សេចក្តីជំនឿ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួន និងសេចក្តីសំឡូតវិញ
12 ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្តីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល ហើយអ្នកក៏បានធ្វើបន្ទាល់យ៉ាងល្អនៅមុខសាក្សីជាច្រើនដែរ
13 ខ្ញុំផ្តាំមកអ្នកនៅចំពោះព្រះ ដែលទ្រង់ប្រទានជីវិតដល់គ្រប់ទាំងអស់ ហើយនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានធ្វើបន្ទាល់យ៉ាងល្អ នៅមុខលោកប៉ុនទាស-ពីឡាត់ថា
14 ឲ្យអ្នកកាន់តាមបញ្ញត្តបែបដែលឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់លេចមក
15 ដែលព្រះនឹងសំដែងឲ្យឃើញទ្រង់ ក្នុងវេលាកំណត់ គឺជាស្តេចចក្រតែ១ព្រះអង្គដ៏មានពរ ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
16 ក៏មានទ្រង់ប៉ុណ្ណោះដែលមិនចេះសុគត ទ្រង់គង់នៅក្នុងពន្លឺដែលរកចូលទៅជិតមិនបាន គ្មានមនុស្សណាដែលឃើញទ្រង់ឡើយ ក៏មើលទ្រង់មិនឃើញផង សូមឲ្យទ្រង់បានល្បីព្រះនាម និងព្រះចេស្តា នៅអស់កល្បជានិច្ច អាម៉ែន។